គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ Thnot d’Or បានវិលមកវិញហើយ!

កាលបរិច្ឆេទ: ០៧ ធ្នូ ២០២២

បន្ទាប់ពីបានអាក់ខានអស់រយៈពេលពីរឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ពានរង្វាន់ Thnot d’Or ដែលរៀបចំឡើងដោយមូលនិធិគីណាល់សម្រាប់និស្សិតផ្នែកកសិកម្ម និងកសិ-ចំណីអាហារចាប់ដំណើរការឡើងវិញហើយ។

គណៈមេប្រយោគបានជួបប្រជុំគ្នាតាម Zoom កាលពីថ្ងៃទី១ ខែធ្នូ។ សមាសភាពគណៈមេប្រយោគរួមមាន លោកសុខ សារ៉ង លោកហ្វីលីព ម៉ូណាំង លោកហៃ ពិសី លោកហ៊ឹម ពិសិដ្ឋ និងលោកព្យែរ ហ្ស៊ីល្លែត។ លើកនេះអ្នកស្រីអេឡែន អូប្រ៊ី មិនអាចចូលរួមក្នុងគណៈមេប្រយោគបានទេ ប៉ុន្តែអ្នកស្រីបានផ្តល់ជាគំនិតសម្រាប់ប្រធានបទពានរង្វាន់ Thnot d’Or ឆ្នាំ២០២៣ ដែលជារបៀបវារៈដ៏សំខាន់សម្រាប់កិច្ចប្រជុំនេះ។

រៀបចំឡើងដោយមូលនិធិគីណាល់ និងទទួលបានការគាំទ្រពីសំណាក់ក្រសួងកសិកម្ម និងក្រសួងអប់រំ ពានរង្វាន់ Thnot d’Or មានគោលបំណងជំរុញលើកទឹកចិត្តនិស្សិតផ្នែកកសិកម្ម និងកសិ-ចំណីអាហារឲ្យមានស្មារតីស្រាវជ្រាវ បង្កើត ច្នៃប្រឌិតដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយគិតគូរពីបរិស្ថាន និងនិរន្តរភាព។

វិបត្តិជំងឺកូវីដ១៩ បានបង្ខំឲ្យមូលនិធិគីណាល់ផ្អាកដំណើរការពានរង្វាន់ Thnot d’Or អស់រយៈពេលបីឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១។ គណៈមេប្រយោគធ្វើការគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះគឺផ្តោតទៅលើការរៀនសូត្រពីវិបត្តិជំងឺកូវីដ១៩ទាក់ទិននឹងការផលិតផលិតផលកសិ-ចំណីអាហារ។

វិបត្តិនេះបានធ្វើឲ្យតួអង្គពាក់ព័ន្ធទាំងអស់បានយល់ដឹងថា គេត្រូវតែផ្តល់អាទិភាពជាចម្បងទៅដល់ទំនាក់ទំនងទិញលក់ផ្ទាល់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ កាត់បន្ថយកាកសំណល់នៅគ្រប់ដំណាក់កាល (មិនថាផ្នែកវេចខ្ចប់ ផ្នែកដឹកជញ្ជូន ឬការបញ្ចេញឧស្ម័នកាបូនិកអ្វីឡើយ ) និងត្រូវលើកកម្ពស់ផលិតផលក្នុងស្រុក។

ក្រៅពីនេះពានរង្វាន់ Thnot d’Or ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតខ្មែរផ្នែកកសិកម្ម និងកសិ-ចំណីអាហារដើម្បីឲ្យមានចំណេះដឹងស្មើនឹងនិស្សិតបរទេសផ្នែកនេះផងដែរ។

ចុងបញ្ចប់ បេក្ខជនទាំងអស់ដែលជានិស្សិតមកពីវិស័យនេះមិនថាឆ្នាំទីប៉ុន្មាន ឬជំនាញអ្វីឡើយ អាចចូលរួមដណ្តើមពានរង្វាន់បានដូចគ្នា។

ខាងក្រោមនេះគឺជាចំណុចសំខាន់ទាំងបួនដែលគណៈមេប្រយោគបានបោះឆ្នោតសម្រេចៈ

  • ​បទបង្ហាញជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ត្រូវតែជាភាសាអង់គ្លេស។ ផ្ទុយទៅវិញ នៅវគ្គផ្តាច់ព្រ័ត្រ សំណួរចម្លើយអាចជាភាសាខ្មែរ។
  • ប្រធានបទទូទៅគឺ «បង្ហាញពីគម្រោងផលិតផ្នែកកសិកម្ម/កសិ-ចំណីអាហារក្នុងស្រុក ដោយយោងទៅតាមបរិបថសេដ្ឋកិច្ចវិលជុំ តាមរយៈការបញ្ចូល និងកែច្នៃកាកសំណល់ទៅក្នុងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់»។ វាអាចជាផលិតផលសម្រេច ឬផលិតផលដែលត្រូវយកទៅផលិត (ឧទាហរណ៍ ចំណីសម្រាប់សត្វ ឬអ្វីផ្សេងទៀត)។ ក្រៅពីនោះ នៅមានចំណុចជាច្រើនទៀត ឧទាហរណ៍ការលើកតម្លៃសំបកដូងអាចជាប្រធានបទមួយនៃការងារស្រាវជ្រាវជាក្រុមសម្រាប់ពានរង្វាន់ Thnot d’Or ២០២៣។
  • គម្រោងរបស់បេក្ខជននឹងត្រូវវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យដូចតទៅៈ គោរពបរិស្ថាន មានភាពច្នៃប្រឌិត អាចអនុវត្តបាននៅក្នុងស្រុក បង្កើតតម្លៃបន្ថែម និងប្រាក់ចំណូល។

កិច្ចប្រជុំណែនាំពីដំណើរការពានរង្វាន់នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅតាមគ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធ ដើម្បីជំរុញឲ្យមានអ្នកចូលរួមប្រកួតច្រើនកុះករ៕